ការផ្ញើខ្សែភាពយន្តបានបញ្ចប់ ៖ អ្នកឈ្នះរង្វាន់បានប្រកាសកាលពីថ្ងៃទី២៥ ខែវិច្ឆិកា
យើងកំណត់ និងឱ្យនិយមន័យវាយ៉ាងដូចម្ដេច នៅពេលដែលយើងនិយាយអំពីការបៀតបៀនផ្លូវភេទ? តើវាជាអ្វី? ហើយវាមានចំណុចមិនល្អអ្វីខ្លះ?
នៅលើទំព័រនេះអ្នកនឹងអាចស្វែងរកពត៌មានបានជាច្រើន ដែលអាចប្រើប្រាស់នៅពេលអ្នកផលិតភាពយន្តរបស់អ្នក ព្រមទាំងមានចម្លើយខ្លះៗឆ្លើយតបទៅនឹងសំនួររបស់អ្នក។ ដោយគ្រាន់តែចុចលើជម្រើសសំណួរដែលនៅខាងក្រោម ៖
១. តើការបៀតបៀនផ្លូវភេទជាអ្វី?
ការបៀតបៀនផ្លូវភេទជាឥរិយាបថទាំងឡាយណាដែលមិនចង់បាន មិនស្វាគមន៍ ឬក៏ មិនអនុញាត ពាក់ព័ន្ធនឹងផ្លូវភេទដែលធ្វើបុគ្គលម្នាក់ឬច្រើននាក់មានអារម្មណ៍អាម៉ាស់មុខ ភិតភ័យ ឬអាក់អន់ចិត្ដ។
ការបៀតបៀនផ្លូវភេទ គឺមិនមែនជាឥរិយាបថទាំងឡាយណាដែលជាមានការទាក់ទងគ្នា ទៅវិញទៅមកជា លក្ខណៈ មិត្តភាព ឬការ គោរពនោះឡើយ។ ការបៀតបៀនផ្លូវភេទកើតឡើង នៅពេលមានការបៀតបៀន ក្នុងទម្រង់ផ្លូវភេទ ឬទាក់ទងនឹងភេទ ឬរឿងភេទរបស់បុគ្គលម្នាក់។ ឧទាហរណ៍៖ ស្រ្ដីពីរនាក់សរសើរគ្នាទៅវិញទៅមកពីសម្លៀក បំពាក់របស់ពួកគេ។ ប៉ុន្តែ បើការសរសើរនោះចេញពីបុរសម្នាក់ទៅស្រ្ដីម្នាក់ នោះអាចបណ្ដាលឱ្យស្រ្ដីម្នាក់នោះមានអារម្មណ៍មិនសូវល្អ និងភិតភ័យទៅវិញ។ ក្នុងករណីនេះអាចចាត់ទុកបានថា វាជាការបៀតបៀនផ្លូវភេទ។
ការបៀតបៀនផ្លូវភេទត្រូវបានឱ្យនិយមន័យដោយពឹងផ្អែកលើការរំខានអារម្មណ៍របស់ជនរងគ្រោះ មិនមែន ដោយចេតនារបស់អ្នកប្រព្រឹត្តនោះទេ។ “ខ្ញុំគ្រាន់តែចង់លេងសើចតែប៉ុណ្ណោះ” នេះមិនមែនជាលេសដែលអាចការពារខ្លួនពីការចោទពីបទបៀតបៀនផ្លូវភេទនោះទេ។ វាធើ្វអោយស្រ្ដីម្នាក់មានអារម្មណ៍មិនល្អ ឬត្រូវបាន គេបំភ័យ ដោយវាមិនមែនជាការលេងសើចទេ។
ការបៀតបៀនផ្លូវភេទគឺនិយាយពីអំណាច និងការគ្រប់គ្រង វាមិនមែនមកពីការស្លៀកពាក់របស់មនុស្សម្នាក់ មិនមែនមកពីការងារដែលពួកគេធ្វើ ឬមិនមែនមកពីមិត្តភក្តិដែលគេដើរជាមួយនោះឡើយ។ ការបៀតបៀនផ្លូវភេទអាចកើតមានលើមនុស្សគ្រប់ៗគ្នា មិនចំពោះតែ”ស្រ្ដីដែលមិនត្រឹមត្រូវ”នោះទេ។ អ្នកបៀតបៀនជាអ្នកសំរេចចិត្តថាអ្នកណាដែលគេចង់បៀតបៀន ហើយវាមិនមែនជាកំហុសរបស់ជនរងគ្រោះទេ។
ការបៀតបៀនផ្លូវភេទ មានរូបភាពខុសៗគ្នា ដែលអាចតាមរាងកាយ ពាក្យសម្តី ឬ កាយវិការ។
ឧទាហរណ៍ការបៀតបៀនផ្លូវភេទដោយពាក្យសម្ដី
-
ការប្រើប្រាស់ភាសាមិនសមរម្យ ឬភាសាអាសអាភាស និងនិយាយលេងសើចបែបអាសអាភាស-ការហៅមិនសមរម្យទៅកាន់ស្រ្ដីនៅតាមផ្លូវ ឬការប្រើភាសាអាសអាភាសនៅពេលពួកគេដើរកាត់
-
សំណើ និងការលួងលោមដដែលៗ ដើម្បីបំពេញចំណង់ផ្លូវភេទ ឬការណាត់ជួបក្នុងគោលបំណងផ្លូវភេទ
-
ការនិយាយសម្តីដែលមានលក្ខណៈផ្លូវភេទ (ឧទាហរណ៍៖ ហៅឈ្មោះជាលក្ខណៈផ្លូវភេទ ឬសួរអំពីអត្តសញ្ញាណផ្លូវភេទ ឬការប្រព្រឹត្តខាងផ្លូវភេទ)
-
ការវាយប្រហាឯកជនភាព ទាំងក្នុង និងក្រៅសាលារៀន ឬកន្លែងធ្វើការ (ឧទាហរណ៍៖ការបៀតបៀន ដោយការហៅទៅទូរស័ព្ទ ឬដើរតាមស្រ្ដីនោះដល់ផ្ទះ)
-
ការស្នើដាក់លក្ខខណ្ឌដោះដូរដើម្បីបំពេញចំណង់ផ្លូវភេទផ្ទាល់ខ្លួន ដូចជា ការផ្ទេរ ការដំឡើងឋានៈ ប្រាក់ខែ ឬបន្ដការងារ
-
គំរាមកំហែងវាយធ្វើបាប ឬបង្ខិតបង្ខំ ឬរំលោភផ្លូវភេទ។
ឧទាហរណ៍ការបៀតបៀនផ្លូវភេទដោយកាយវិការ
-
ការតាំងបង្ហាញវត្ថុដែលធ្វើឱ្យនឹកឃើញដល់ផ្លូវភេទ រូបភាព ទស្សនាវដ្ដី ផ្ទាំងរូបភាព ឬតុក្កតា ក្រៅអំពីភារៈកិច្ចដែលចាំបាច់ប្រើប្រាស់ក្នុងគោលបំណងអប់រំ
-
ការសម្លក់សម្លឹង ឬសញ្ញាកាយវិការដែលទាក់ទងនឹងផ្លូវភេទ
-
ការប៉ះ ការថើប ការឱបក្រសោប ការធ្វើសរសៃ ឬការអង្អែលលើរាងកាយដែលមិនអនុញាត
-
ការវាយធ្វើបាប ឬបង្ខិតបង្ខំ និងរំលោភផ្លូវភេទ ។
២. តើការបៀតបៀនផ្លូវភេទមានចំណុចមិនល្អអ្វីខ្លះ?
ទោះបីជាការបៀតបៀនផ្លូវភេទ មិនបន្សល់ទុករបួស ឬស្នាមជាំក៏ដោយ ក៏អាចធ្វើឱ្យមនុស្សឈឺចាប់ និងផ្លាស់ប្តូរជីវិតរបស់ពួកគេបានដែរ។ នៅពេលដែលការបៀតបៀនផ្លូវភេទធ្វើអោយស្រ្តីមានភាពភ័យខ្លាច ភាពអាម៉ាស់ ឬអាក់អន់ចិត្តអាចបណ្តាលអោយមានផលវិបាកដូចជា៖
-
ការបាត់បង់ទំនុកចិត្តលើខ្លួនឯងក្នុងទីសាធារណៈ ហើយសម្ងំនៅតែក្នុងផ្ទះ
-
អារម្មណ៍ឈឺចាប់ និង ខ្មាស់អៀន
-
ហូបមិនសូវបាន និង គេងមិនលក់
-
ខ្លាចមនុស្សប្រុស ជាពិសេសមនុស្សប្លែកមុខ
-
ខ្វះការជឿជាក់ បាត់បង់ទំនុកចិត្តលើខ្លួនឯង បាក់ទឹកចិត្ត មានកំហឹង និង ឆេវឆាវជាងមុន
-
បង្កគ្រោះថ្នាក់ បង្កជាជម្ងឺសុខភាពរ៉ាំរ៉ៃ និងមិនចង់ទៅធ្វើការ ឬទៅរៀន
-
ធ្វើអោយមានបញ្ហាផ្លូវកាយ និងផ្លូវចិត្ត អាចឈានទៅរកការប្រើប្រាស់ថ្នាំជក់ គ្រឿងញៀនផ្សេងៗ ឬការសេពគ្រឿងស្រវឹង
-
បាត់បង់ចំណូលដោយសារការបាត់បង់ការងារ ការកើនឡើងការចំនាយដើម្បីបង្កើនអោយមានសុវត្តិភាព អវត្តមានពីការងារ គ្រោះថ្នាក់ ជំងឺ និងពិការភាព
មានស្រ្តីជាច្រើនជាអ្នកផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ ប្រសិនបើស្រ្ដីណាម្នាក់បោះបង់ការងារដោយសារការបៀត បៀនផ្លូវភេទនៅកន្លែងធ្វើការ ឬនៅតាមផ្លូវ នោះវាមានន័យថានាងនឹងគ្មានប្រាក់សម្រាប់ក្រុមគ្រួសាររបស់ នាង។ ហើយនោះគឺជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើស្រ្ដីវ័យក្មេងឈប់រៀនដោយសារតែមាន ការបៀតបៀនផ្លូវភេទ វាអាចផ្ដល់ផលប៉ះពាល់ទៅលើការអប់រំ ការងារនាពេលអនាគត និងអារម្មណ៍សុវត្ថិភាពរបស់នាងជាមួយពិភពខាងក្រៅ។
៣. តើការបៀតបៀនផ្លូវភេទជាអំពើខុសច្បាប់ដែរទេ?
មនុស្សគ្រប់រូមមានសិទ្ធិជៀសផុតពីការបៀតបៀនផ្លូវភេទ ដែលមានចែងនៅក្នុងសិទ្ធិមនុស្សនៃច្បាប់អន្ដរជាតិ។ សិទ្ធិមនុស្សគឺជាសិទ្ធិសកល ហើយក៏ត្រូវបានគាំទ្រអោយអនុវត្តនៅប្រទេសកម្ពុជាផងដែរ។
ទង្វើមួយចំនួននៃការបៀតបៀនផ្លូវភេទគឺ ប្រឆាំងទៅនឹងច្បាប់ការងាររបស់ប្រទេសកម្ពុជា និងក្រមព្រហ្មទណ្ឌ២០០៩។ តាមរយៈការធ្វើការទប់ស្កាត់ការបៀតបៀនផ្លូវភេទ អ្នកអាចចូលរួមកាត់បន្ថយហានិភ័យធ្ងន់ធ្ងរមួយចំនួនដែលអាចនឹងកើតមាននៅក្នុងសហគមន៍របស់អ្នក។
៤. តើមានចំណុចអ្វីខ្លះដែលបុរសគួរតែយល់អំពីការបៀតបៀនផ្លូវភេទ?
ការបៀតបៀនផ្លូវភេទតាមដងផ្លូវកើតឡើងញឹកញាប់ជាងអ្វីដែលមនុស្សប្រុសគិត ។ វាកើតឡើងសឹងតែលើស្រ្ដីគ្រប់រូប។ វាពិបាកណាស់ដែលធ្វើអោយបុរសយល់ពីអារម្មណ៍ស្រ្ដី ហើយមូលហេតុដែលបុរសមិនគួរធ្វើទង្វើបែបនេះទៅលើស្រ្ដីនោះ។
ក្នុងនាមជាមនុស្សប្រុសម្នាក់ សូមពិចារណលើចំណុចនេះ តើអ្នកចូលចិត្តដែរឬទេនៅពេលមានមនុស្សប្រុស ដែលមានមាឌធំជាងអ្នកមករំខានអ្នកនៅតាមផ្លូវ ហើយប្រាប់អ្នកឱ្យញញឹម? តើអ្នកមានអារម្មណ៍ដូចម្តេច នៅពេលគេធ្វើជាសំឡេងថើប? ឬ និយាយអំពីរាងកាយរបស់អ្នក នៅពេលដែលអ្នកកំពុងដើរកាត់? ចុះបើគេសុំឈ្មោះ ឬ សុំលេខទូរស័ព្ទរបស់អ្នក? ដើរតាមអ្នក? តាមប៉ះអ្នក? ឬក៏ស្ទាបខ្លួនរបស់គេនៅចំពោះមុខអ្នក? តើអ្នកមានអារម្មណ៍យ៉ាងណាវិញ?
តើវាធ្វើឱ្យអ្នកខឹងមែនទេ? ខ្មាស់គេ? មិនសប្បាយចិត្ត? អត់ចង់ដើរតាមផ្លូវហ្នឹងទៀត? ខ្លាចជួបពួកគេទៀត? តើអ្នកធ្លាប់គិតពីអារម្មណ៍ដែលតែងតែភ័យខ្លាច និងអាម៉ាស់ជារៀងរាល់ថ្ងៃដែរឬទេ? នេះហើយជាអារម្មណ៍ របស់ស្រ្ដីនៅពេលពួកគេត្រូវបានបៀតបៀនផ្លូវភេទ។ ហើយស្រ្តីដែលកំពុងត្រូវបានបៀតបៀនផ្លូវភេទអាចជា ម្តាយអ្នក ប្អូនស្រីអ្នក ប្រពន្ធអ្នក មិត្តស្រីអ្នក មិត្តរួមការងារអ្នក អ្នកជិតខាងអ្នក និងមិត្តរួមថ្នាក់របស់អ្នក។ តើអ្នកមានអារម្មណ៍យ៉ាងម៉េចវិញចំពោះបុរសដែលធ្វើបែបនេះទៅលើពួកគេ?
វាពិតជាសំខាន់ខ្លាំណាស់ក្នុងការយល់ដឹងថាយើងនឹងមិនអាចទទួលបានសមភាពយេនឌ័រនោះទេ បើសិនជា ការបៀតបៀនផ្លូវភេទនៅតែកើតឡើង។ ស្ត្រីគួរទទួលបាននូវការគោរព និងមានសិទ្ធិដើរនៅទីសាធារណៈ ដោយមិនមានការរំខានដូចមនុស្សប្រុសដែរ។ អំពើហិង្សាទៅលើស្ត្រីមានភាពខុសៗគ្នាទៅតាមតំបន់នៅជុំវិញ ពិភពលោក ហើយការដែលមិនគោរពស្ត្រីជាហេតុផលចម្បងមួយ។
ប៉ុន្ដែមនុស្សប្រុសមួយចំនួននិយាយថាពួកគេមិនអាចគ្រប់គ្រងខ្លួនបានទេ នៅពេលឃើញស្រីស្អាត។
Weយើងទាំងអស់គ្នាសុទ្ធតែអាចប្រព្រឹត្តកាយវិការដោយសមរម្យ មានន័យថាពេលខ្លះយើងត្រូវតែគ្រប់គ្រងអាកប្បកិរិយារបស់ខ្លួនឯង។ ឧទាហរណ៍៖ យើងសុទ្ធតែដឹងថា ការស្រែកគំហ៊កដាក់អ្នកណាម្នាក់ គឺវាមិនសមរម្យនោះទេ បើទោះបីជាយើងកំពុងតែខឹងគេក៏ដោយ។ ហើយយើងក៏ដឹងដែរថា យើងមិនអាចយកលុយទាំងអស់ទៅលេងល្បែងបាននោះទេ បើសិនជាយើងមានបន្ទុកត្រូវគិតគូដល់ប្រពន្ធ និងកូន។ បុរសគួរតែគ្រប់គ្រងខ្លួនឯង កុំយកសម្រស់មនុស្សស្ដ្រីធ្វើជាលេស។ មុនពេលមនុស្សប្រុសសរសើរដល់មនុស្សស្រីណាម្នាក់ ពួកគេគួរគិតពីអារម្មណ៍នាង។ បើសិនជាវាមិនធ្វើឱ្យនាងសប្បាយចិត្ដទេ បុរសគួរគ្រប់គ្រងអារម្មណ៍របស់ពួក គេ។
ចុះប្រសិនបើមនុស្សស្រីបញ្ចេញកាយវិការស៊ិចស៊ី ឬ ស្លៀកសម្លៀកបំពាក់ស៊ិចស៊ី?
ស្រ្តីទាំងអស់មានសិទ្ធិជៀសផុតពីការបៀតបៀនផ្លូវភេទ ទោះបីជាពួកគេមានរូបរាងយ៉ាងដូចម្ដេច ឬស្លៀកពាក់អ្វីក៏ដោយ។ មនុស្សប្រុសគួរតែគ្រប់គ្រងខ្លួនឯង។ ការបៀតបៀនផ្លូវភេទមិនមែនជាកំហុសជនរងគ្រោះទេ វាជាទម្រង់នៃអំពើហិង្សា និងជាការរំលោភបំពានដែលផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយសម្លៀកបំពាក់របស់មនុស្សស្រីមិនមែនសម្រាប់ប្រើជាលេសនៃទម្លាប់ដ៏អាក្រក់នោះទេ។
៥. តើខ្ញុំអាចធ្វើអ្វីបានខ្លះដើម្បីឆ្លើយតបលើការបៀតបៀនផ្លូវភេទ?
ក្នុងនាមជាមនុស្សប្រុសម្នាក់ អ្នកមានជម្រើសមួយក្នុងការមិនចង់បៀតបៀននរណាម្នាក់នៅតាមផ្លូវ និង អំណាចក្នុងការមិនធ្វើវា។
សូមសួរខ្លួនអ្នក ថា វាមិនមែនជាបញ្ហាទេ បើសិនបុរសត្រូវបានគេនិយាយបៀតបៀនដូចនេះ? អាចសម្លឹងបុរសនោះក្នុងលក្ខណៈផ្លូវភេទបានដែរឬទេ តើបុរសនោះនឹងមានអារម្មណ៍ថាត្រូវបានគេសរសើរ? ? បើសិនជាអត់ ស្រ្ដីក៏មានអារម្មណ៍ដូចគ្នាដែរ? ប្រសិនបើ អ្នកគិតថាពាក្យឬទង្វើមួយចំនួនដែលមិនគួរនិយាយទៅកាន់បុរស សូមកុំនិយាយពាក្យឬធ្វើទង្វើទាំងនោះទៅកាន់ស្រ្ដីដូចគ្នាដែរ។
អ្នកអាចប្រាប់មិត្តភក្តិរបស់អ្នកប្រសិនបើអ្នកឃើញ ពួកគេប្រព្រឹត្តបែបនេះ។ សួរពួកគេថា តើពួកគេមាន អារម្មណ៍យ៉ាងណានៅពេលដែលស្រ្ដីម្នាក់នោះជាប្អូនឬបងស្រីរបស់ពួកគេ។ ពន្យល់ពួកគេថា បុរសពិតប្រាកដ មិនបៀតបៀនស្រ្ដីនោះទេ។
បុរសគួរតែចូលរួមលើកកម្ពស់សមភាពយេនឌ័រ ហើយស្វះស្វែងផ្លាស់ប្តូរទម្លាប់ដ៏គ្រោះថ្នាក់នេះ និងអនុវត្តន៍ ភាពជាបុរស ពីព្រោះវាគឺជារឿងដ៏ត្រឹមត្រូវដែលត្រូវធ្វើ។ ស្ត្រី និងកុមារីមានសិទ្ធិស្មើនឹង បុរស និងកុមារាដែរ។
ចុះប្រសិនបើវាកើតឡើងលើបង ប្អូន ឬបងស្រីរបស់អ្នកវិញ?
“ពេលខ្លះ ខ្ញុំបួងសក់ទៅលើ ដោយសារខ្លាចមានប្រុសៗចាប់ទាញសក់ខ្ញុំ ពីក្រោយ ឬពេលដែលខ្ញុំខ្លាចខ្លាំងពេក ខ្ញុំក្តាប់សក់ក្នុងដៃយ៉ាងណែន តែម្តង។ ខ្ញុំពាក់កាស ហើយបើកសំឡេងលឺៗពេលខ្ញុំដើរនៅខាងក្រៅ ធ្វើដូចនេះវានឹងធ្វើឱ្យខ្ញុំមិនបានឮ សំឡេងមនុស្សប្រុសតាមញ៉ែ។ នៅពេលដែលខ្ញុំឃើញហ្វូងមនុស្សប្រុសនៅពីមុខខ្ញុំ ខ្ញុំដើរអោយឆ្ងាយពីគេ។ បើគេនៅពីក្រោយខ្ញុំវិញ ខ្ញុំដើរទៅផ្លូវ ផ្សេង។ សកម្មភាពនេះ វាក្លាយរឿងជាធម្មតាសំរាប់ខ្ញុំហើយ។ វាក៏ធម្មតា សម្រាប់ស្រ្ដីភាគច្រើនដែលខ្ញុំស្គាល់ ដែរ។
សកម្មភាពបែបនេះ វាកើតឡើងជា រៀងរាល់ថ្ងៃហើយ។”







ចំណាំ៖ សូមអាន សេចក្តីណែនាំនេះ ដោយយកចិត្តទុកដាក់មុនពេលអ្នកចាប់ផ្តើមការថតរឿងរបស់អ្នក
តើអ្នកណាជាអ្នកដែល មានទេពកោសល្យរបស់អ្នក?
សូមអានសេចក្តីណែនាំ មូលដ្ឋាននេះដោយប្រុងប្រយ័ត្នពីអ្នកដែលអាចជាតួអង្គក្នុងរឿងរបស់អ្នក

ការប្រកួតភាពយន្ដខ្លី #ហេតុអ្វីត្រូវបញ្ឈប់ រៀបចំដោយ GoodMorning BeautifulFilms សម្រាប់អង្គការឃែរកម្ពុជា។ យុទ្ធនាការនេះអាចប្រព្រឹត្ដទៅ បានដោយមានការគាំទ្រថវិកាពីអង្គការ UN Trust Fund to End Violence Against Women និង រដ្ឋាភិបាលអូស្រ្តាលី។ #ហេតុអ្វីត្រូវបញ្ឈប់ ក៍មាន ការឧបត្ថម្ភផងដែរពី Major Cineplex by Cellcard, Sabay News និង Sony.
Photo credits: CARE/GMBFilms